Kuy Hak 02 Jun, 2026 Announcement

ញត្តិគាំទ្ររាជរដ្ឋាភិបាលកម្ពុជា

ញត្តិគាំទ្ររាជរដ្ឋាភិបាលកម្ពុជា

លើការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ Compulsory Conciliation

យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ គណៈគ្របគ្រង បុគ្គលិក និងលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃសាលាអន្តរជាតិឥទ្ធិបាទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្បុជា “ស្តីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ” នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែលជាជម្រើសនៅសល់តែមួយគត់ ដើម្បីដោះស្រាយបញ្ហាតំ បន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា កម្ពុជា-ថៃ បន្ទាប់ពីការសម្រេចលុបចោលជាឯកតោភាគីរបស់ភាគីថៃនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU ឆ្នាំ2001។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការសម្រេចចិត្តលុបចោលជាឯកតោភាគី ពីសំណាក់ភាគីថៃនូវ អនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងបង្កើតក្របខណ្ឌចរចាទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីដោះស្រាយបញ្ហាស្តីពីការកំណត់ព្រំដែនសមុទ្រ និងការស្វែងរកកិច្ចព្រមព្រៀង ដើម្បីអភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធីប្រកបដោយយុត្តិធម៌ សមធម៌ តម្លាភាព និងចីរភាព សំដៅរក្សាបានសន្តិភាព និងស្ថិរភាព។ យោងលើស្មារតីនៃ MOU ឆ្នាំ2001ភាគីទាំងពីរ បានចរចាទ្វេភាគីអស់រយៈពេលជាង២៥ឆ្នាំកន្លងមក ហើយក្នុងករណីដែលភាគីទាំងពីរឈានដល់ការចុះកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍរួមគ្នា ភាំគីទាំងពីរនឹងទទួលបានផលប្រយោជន៍ដ៏ធំធេង ប្រកបដោយសមធម៌ពីសក្តានុពលប្រេង និងឧស្ម័នធម្មជាតិ ព្រមទាំងធនធានបាតសមុទ្រ សម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពល ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។ ការសម្រេចចិត្តប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ភាគីកម្ពុជា ចំពោះការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីឆ្ពោះទៅការថែរក្សាឱ្យបាននូវសុខសន្តិភាពរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់និងអន្តរជាតិ។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ យកចិត្តទុកដាក់ និងតាមដានការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដើម្បីឈានទៅរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី យុត្តិធម៌ សមធម៌ និងតម្លាភាព។ យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ គណៈគ្របគ្រង បុគ្គលិក និងលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់នៃសាលាអន្តរជាតិឥទ្ធិបាទ សូមប្តេជ្ញាគាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសិទ្ធស្របច្បាប់របស់កម្ពុជា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសលោកអាណាព្យាបាលមាតាបិតាសិស្ស សូមបន្តរក្សាសាមគ្គីភាព មានឯកភាពជាតិ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។ ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ កណ្តាល ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦